Featured, ព័ត៌មានពិភពលោក
ប្រធានាធិបតីចិនលោក Xi Jinping បានប្រកាសពីការរុះរើដ៏សំខាន់មួយលើកងទ័ពប្រទេសចិនដើម្បីធ្វើឲ្យយោធាចិនក្លាយជាយោធាធំបំផុតលើពិភពលោក ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រយុទ្ធ និងធ្វើឲ្យសម្ភារៈយោធាចិនកាន់តែមានភាពល្អប្រសើរថែមទៀត។ នៅក្រោមការរៀបចំឡើងវិញ នៅគ្រប់អង្គភាពទាំងអស់នឹងស្ថិតនៅក្រោមការបញ្ជាពីមេបញ្ជាការតែមួយ នេះបើតាមសម្ដីរបស់លោក Xi Jinping ថ្លែងនៅក្នុងកិច្ចប្រជុំនៅចំពោះមុខយោធារាប់រយនាក់នៅប៉េកាំង។
ផែនការរុះរើកងយោធានេះគឺដើម្បីស្វែងរកការរឹតបន្តឹងយោធាក្រោមការកាន់កាប់របស់បក្សកុម្មុយនិស្តចិន ដែលក្ដោបក្ដាប់ទាហានច្រើនជាង ២,៣ លាននាក់។ លោក Xi Jinping បានទទូចឲ្យកងទ័ពរំដោះប្រជាជនរក្សានូវទិសដៅនយោបាយរបស់បក្សកុម្មុយនិស្តឲ្យបានត្រឹមត្រូវ ដោយបក្សជាអ្នកដឹកនាំដាច់ខាតខាងកងកម្លាំងប្រដាប់អាវុធនេះបើតាមសារព័ត៌មាន Xinhua។
ក្រោមការដឹកនាំរបស់ លោក Xi Jinping ប្រទេសចិនបានពង្រឹងការទាមទារទឹកដីថាជារបស់ខ្លួនក្នុងសមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូង ដោយបានបង្កភាពតានតឹងជាមួយប្រទេសជិតខាងដូចយ៉ាងជប៉ុន និង ហ្វីលីពីនជាដើម។
លោក Xi Jinping បានថ្លែងនៅពីមុខមេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើនរូបថា នៅក្រោមការដឹកនាំរបស់បក្សយោធាចិននឹងប្រែពីតូចទៅធំ ពីខ្សោយទៅខ្លាំង ពីឈ្នះទៅឈ្នះបន្ថែមទៀត។ ហើយមូលហេតុដែលធ្វើឲ្យយោធាចិននៅតែខ្លាំងគឺដោយសារមានការរក្សាជំហររបស់ខ្លួនជាមួយនឹងបក្ស ដោយយោធាមិនបានផ្លាស់ប្ដូរកំណែទម្រង់ដោយខ្លួនឯង ដែលធ្វើឲ្យប្រទេសដ៏ធំមួយនេះក្លាយជាមហាអំណាចធំតែមួយ។
Source: thebnews